KINGDOM OF CAMBODIA

របៀបផ្ទៀងផ្ទាត់ប័ណ្ណសមធម៌

សេវានេះអាចឲ្យលោកអ្នកផ្ទៀងផ្ទាត់បាននូវសុពលភាពនៃប័ណ្ណសមធម៌ ឆែកមើលលេខប័ណ្ណសមធម៌ពីមុនៗដែលគ្រួសារធ្លាប់បានកាន់ ព្រម​ទាំង​ការ​ពិនិត្យ​មើល​ព័ត៌មាន​លម្អិត​អំពី​សមាជិក​​គ្រួសារ​។​ លោកអ្នកក៏អាចពិនិត្យមើលរូបថតគ្រួសារបានផងដែរ។ ដើម្បីប្រើប្រាស់សេវានេះបាន សូម​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាង​ក្រោម៖​

1. ដើម្បីប្រើប្រាស់សេវានេះ លោកអ្នកត្រូវតែចុះឈ្មោះជាអ្នកប្រើប្រាស់ទិន្នន័យសិន។ ប្រសិនបើលោកអ្នកមិនទាន់ចុះឈ្មោះ លោកអ្នកត្រូវតែ ធ្វើដូចនេះជាមុនសិន។​

មានមធ្យោបាយចំនួនពីរដែលលោកអ្នកអាចចូលទៅប្រើប្រាស់សេវានេះបាន ៖​

  • ពីគេហទំព័រអត្តសញ្ញាណកម្មគ្រួសារក្រីក្រ។​
  • ដោយប្រើប្រាស់អាសយដ្ឋាននេះផ្ទាល់តែម្តង៖ http://equitycard.idpoor.gov.kh/Tablet/Index.html (សម្រាប់កុំព្យូទ័រនិងតាបលេត) ឬក៏http://equitycard.idpoor.gov.kh/Mobile/Index.html (សម្រាប់ស្មាតហ្វូន)។ លោកអ្នកអាចប្រើប្រាស់កុំព្យូទ័រ តាបលេត ឬក៏ស្មាតហ្វូនបាន។ ​

2. ប្រសិនបើលោកអ្នកចូលទៅប្រើប្រាស់សេវានេះពីគេហទំព័រអត្តសញ្ញាណកម្មគ្រួសារក្រីក្រ សូមចូលតាមទំព័រ សេវាអនឡាញ>ផ្ទៀងផ្ទាត់ប័ណ្ណសមធម៌​

ឬម៉្យាងទៀត លោកអ្នកគ្រាន់តែវាយចូលនូវអសយដ្ឋាននៃសេវាផ្ទៀងផ្ទាត់ប័ណ្ណសមធម៌នៅក្នុងកុំព្យូទ័រ តាបលេត ឬស្មាតហ្វូន។​

3. ប្រសិនបើលោកអ្នកបានចូល (sign in) ក្នុងគេហទំព័ររួចហើយ លោកអ្នកនឹងអាចមានលទ្ធភាពប្រើប្រាស់សេវានេះបានភ្លាមៗ។ តែប្រសិនបើលោកអ្នកមិនទាន់បាន sign in ចូល លោក​អ្នក​នឹងត្រូវតែ sign in ដូចបង្ហាញនៅខាងក្រោម៖​

4. នៅពេលដែលលោកអ្នកបាន sign in ចូលក្នុងសេវានេះ លោកអ្នកនឹងមើលឃើញទំព័រដូចខាងក្រោម។ លោក​អ្នក​នឹង​មិន​មើល​ឃើញ​ទិន្នន័យ​ណា​ឡើយ ទាល់​តែ​លោក​អ្នក​ធ្វើការ​ស្វែងរក​​ទើប​បាន​មើល​ឃើញ។​

5. ដើម្បីស្វែងរកប័ណ្ណសមធម៌មួយ លោកអ្នកនឹងប្រើប្រាស់ប្រអប់ពណ៌ប្រផេះនៅផ្នែកខាងឆ្វេងដៃនៃអេក្រង់។ នៅក្នុងប្រអប់នេះ សូម​វាយ​ចូល​លេខ​ប័ណ្ណ​សមធម៌​ដែល​មាន​១៤​ខ្ទង់ ដែល​​លោក​អ្នក​មើល​ឃើញ​ដោយ​ផ្ទាល់​នៅ​ពី​ក្រោម​របា​លេខ​កូដ​នៅ​ជ្រុង​ខាង​ស្តាំ​ផ្នែក​ខាង​លើ​នៃ​ប័ណ្ណ​សមធម៌​។ លេខ​ទាំង​១៤​ខ្ទង់នេះ​មាន​២ផ្នែក​៖ លេខ​១០ខ្ទង់​មួយ​ផ្នែក ហើយ​បន្ទាប់​មក​លេខ​​៤ខ្ទង់​មួយ​ផ្នែក​ទៀត។ សូម​ឲ្យ​ប្រាកដ​ថា​លោកអ្នក​មិនយកលេខ​ខុស​ដោយ​ប្រើប្រាស់​លេខ​កូដ​ភូមិសាស្ត្រ​១២​ខ្ទង់​ដែល​ស្ថិត​នៅ​ផ្នែកខាង​លើ​ចំ​កណ្តាល​ប័ណ្ណ។ បន្ទាប់​មក សូម​ចុច​ប៊ូតុង​​“ស្វែងរក”​។ ពេល​នោះ​លោក​អ្នក​នឹង​ឃើញ​ទិន្នន័យ​អំពី​គ្រួសារ​នៅ​ផ្នែក​ខាងស្តាំ​ដៃ​នៃ​អេក្រង់​ដូច​មាន​បង្ហាញ​ក្នុង​ឧទាហរណ៍​ខាងក្រោម​។​

  • ប្រសិនបើប័ណ្ណនៅតែមានសុពលភាព លេខប័ណ្ណនឹងត្រូវបានបង្ហាញជាពណ៌បៃតង ពីក្រោមចំណងជើង “ប័ណ្ណមានសុពលភាព / Valid Card”។​ កាលបរិច្ឆេទ​ដែល​ប័ណ្ណ​នឹង​ផុត​កំណត់​មាន​បង្ហាញ​ពី​ក្រោម​លេខប័ណ្ណ។​​
  • ប្រសិនបើប័ណ្ណផុតកំណត់ហើយ លេខប័ណ្ណនឹងត្រូវបានបង្ហាញជាពណ៌ក្រហម ពី​ក្រោម​ចំណង​ជើង​ “ប័ណ្ណផុតកំណត់ / Expired Cards”។​
  • រូបថតគ្រួសារនឹងត្រូវបានបង្ហាញ ប្រសិនបើគ្រួសារនេះបានថតរូប។​ សូមកត់សម្គាល់ថាសមាជិកគ្រួសារខ្លះ​មិន​មាន​ក្នុង​រូបថត​នេះទេ​ បើ​ពួក​គេ​អវត្តមាន​នៅ​ពេល​មាន​សកម្មភាព​ចុះ​ថតរូប។​
  • នៅខាងក្រោម លោកអ្នកនឹងឃើញតារាងដែលបង្ហាញលម្អិតពីសមាជិកគ្រួសារ​ទាំងអស់​និង​ទំនាក់ទំនង​របស់​ពួក​គេ​ជាមួយ​នឹង​មេគ្រួសារ។​ មេគ្រួសារ​នឹង​ត្រូវ​បាន​បង្ហាញ​នៅ​ជួរ​ទីមួយ​នៃបញ្ជី។​

6. ដើម្បីធ្វើការស្វែងរកមួយផ្សេងទៀត លោកអ្នកគ្រាន់តែចុចប៊ូតុង “លុប” រួចវាយចូលលេខប័ណ្ណសមធម៌ថ្មី១៤ខ្ទង់។​

7. ចំណាំ: ប្រសិនបើលោកអ្នកប្រើប្រាស់កុំព្យូទ័រ លោកអ្នកអាចព្រីនរាល់ព័ត៌មានប័ណ្ណសមធម៌ដោយប្រើប្រាស់មុខងារស្តង់ដារនៃ internet browser របស់លោកអ្នក។