KINGDOM OF CAMBODIA

តើការកំណត់អត្តសញ្ញាណគ្រួសារក្រីក្របានអនុវត្តនៅក្នុងតំបន់ជនបទយ៉ាងដូចម្តេច?

ខាង​ក្រោម​នេះ​មាន​ការពណ៌នា​សង្ខេប​អំពី​ដំណើរ​ការ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​នៅ​ក្នុង​តំបន់​ជនបទ​។ បច្ចុប្បន្ន​នេះ​នីតិ​វិធី​សម្រាប់​ការ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​នៅ​ក្នុង​តំបន់​ទីប្រជុំជន​ កំពុង​ត្រូវ​បាន​រៀបចំ។​

ក្រសួង​ផែនការ​និង​បណ្តា​មន្ទីរ​ផែនការ​សម្រប​សម្រួល​និង​គាំ​ទ្រ​ដល់​ការ​ អនុវត្ត​នៅ​ទូ​ទាំង​ប្រទេស។​ ក្រុម​សម្រប​សម្រួល​រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ​បណ្តុះ​បណ្តាល​និង​ គាំទ្រផ្នែក​បច្ចេកទេស​ទៅ​ដល់​អ្នក​អនុវត្ដ​ដំណើរ​ការ​អត្តសញ្ញាណ​កម្ម​ គ្រួសារ​ក្រីក្រ​ក្នុង​ឃុំ-សង្កាត់​របស់​ខ្លួន។​ នៅ​ថ្នាក់​ឃុំ-សង្កាត់​ក្រុម​តំណាង​គណៈ​កម្មាធិការ​កសាង​ផែន​ការ​និង​ថវិកា​ ឃុំ-សង្កាត់ (គ.ផ.ថ.) ​គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​សម្រាប់​ការ​គ្រប់គ្រង​ដំណើរការ​នេះ។​ នៅ​ថ្នាក់​ភូមិ​ដំណើរ​ការ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​ត្រូវ​បាន​ អនុវត្ត​ដោយ​ក្រុម​តំណាង​ភូមិ។​

ដំណើរ​ការ​សម្រាប់​ការ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​ត្រូវ​បាន​ពណ៌នា​លម្អិត​នៅ​ក្នុង ​សៀវភៅ​ណែនាំ​ស្តី​ពី​នីតិ​វិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ។​ ជំហាន​សំខាន់ៗ​នៃ​ដំណើរ​ការ​នេះ​គឺ៖​

  • ជំហាន​ទី១៖​ បង្កើត​និង​បណ្តុះបណ្តាល​ក្រុម​តំណាង​គណៈ​កម្មាធិការ​កសាង​ផែនការ​និង​ថវិកា​(ក្រុមតំណាង គ.ផ.ថ.)​
  • ជំហាន​ទី២៖​ បង្កើត​និង​បណ្តុះបណ្តាល​ក្រុម​តំណាង​ភូមិ​
  • ជំហាន​ទី៣៖​ ក្រុម​តំណាង​ភូមិ​ចងក្រង​បញ្ជី​គ្រួសារ​ក្នុង​ភូមិ​ធ្វើ​ការសម្ភាសន៍​ គ្រួសារ​ និង​ពិចារណា​លើ​ស្ថាន​ភាព​ពិសេស​របស់​គ្រួសារ​នានា។​ បន្ទាប់​មក​ធ្វើ​ការ​ប្រជុំ​ពិនិត្យ​ឡើង​វិញ​នៅ​ថ្នាក់​ឃុំ-សង្កាត់​និង​ ចងក្រង​ និង​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​បញ្ជី​ព្រាង​ គ្រួសារ​ក្រីក្រ​លើក​ដំបូង​នៅ​ក្នុង​ភូមិ​
  • ជំហាន​ទី៤៖​ ក្រុម​តំណាង​ភូមិ​ធ្វើ​ការ​ប្រជុំ​ពិគ្រោះ​យោបល់​ក្នុង​ភូមិ​លើ​បញ្ជីព្រាង​ គ្រួសារ​ក្រីក្រ​លើក​ដំបូង​ទទួល​មតិ​ជំទាស់​ និង​សំណូមពរ​របស់​អ្នក​ភូមិ​រៀបចំ​ និង​បិទ​ផ្សាយ​បញ្ជីព្រាង​គ្រួសារ​ក្រីក្រ​ចុង​ក្រោយ​ និង​ដាក់​ជូន​បញ្ជី​នេះ​ទៅ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​
  • ជំហាន​ទី៥៖​ ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ពិនិត្យ​និង​បញ្ជាក់​ទទួល​ស្គាល់​បញ្ជីព្រាង​ គ្រួសារ​ក្រីក្រ​ចុង​ក្រោយ​ផ្ញើ​ទិន្នន័យ​ទៅ​មន្ទីរ​ផែនការ​ និង​ចែក​ប័ណ្ណ​សមធម៌​ទៅ​ជូន​គ្រួសារ​ក្រីក្រ​ (បន្ទាប់​ពី​បញ្ចូល​ទិន្នន័យ​និង​ថត​រូប​គ្រួសារ​ក្រីក្រ​រួច​នៅ​ក្នុង​ ជំហាន​ទី៦​និង​ទី៧)​
  • ជំហាន​ទី៦៖​ បញ្ចូល​ទិន្នន័យ​និង​រូបថត​គ្រួសារ​ក្រីក្រ​ទាំងអស់​ចូល​ទៅ​ក្នុង​មូលដ្ឋាន​ទិន្នន័យ​គ្រួសារ​ក្រីក្រ​
  • ជំហាន​ទី៧៖​ ការ​ថតរូប​គ្រួសារ​ក្រីក្រ​

ដំណើរការ​ខាង​លើ​នេះ​មាន​ការ​ចូល​រួម​របស់​អ្នកភូមិ​និង​ការ​ពិគ្រោះ​យោបល់​ ជាមួយ​ពួក​គេ​យ៉ាង​ច្រើន៖​ ពួកគេ​បាន​ជ្រើសរើស​ក្រុម​តំណាង​ភូមិ​ហើយ​អ្នកភូមិ​មួយ​ចំនួន​បាន​ក្លាយ​ជា​ សមាជិកក្រុម​តំណាងភូមិ។​ អ្នកភូមិ​ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​ពិគ្រោះ​ យោបល់​ក្នុង​ភូមិ​ផងដែរ​ដើម្បី​ពិនិត្យ​មើល​ឡើងវិញ​ និង​ផ្តល់​យោបល់​លើ​បញ្ជីព្រាង​គ្រួសារ​ក្រីក្រ​លើក​ដំបូង​ហើយ​ពួក​គេ​ក៏​ អាច​ដាក់​ជូន​នូវ​មតិ​ជំទាស់​និង​សំណូមពរ​នានា​របស់​ខ្លួន​ទៅ​កាន់​ក្រុម​ ប្រឹក្សា​ឃុំ-សង្កាត់​ដោយ​ផ្ទាល់​បាន​ផង​ដែរ។​

លទ្ធផល​សំខាន់ៗ​នៃ​ដំណើរការ​នៅ​ថ្នាក់​ឃុំ-សង្កាត់​និង​ភូមិ​គឺ​ជា​ បញ្ជី​គ្រួសារ​ក្រីក្រ​ចុង​ក្រោយ​ មួយ​សម្រាប់​ភូមិ​នីមួយៗ។​

IDPOOR គ្រួសារ​ទាំងអស់​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​គ្រួសារ​ក្រីក្រ​ចុង​ក្រោយ​បាន​ទទួល​ ប័ណ្ណ​សមធម៌។ ​ ប័ណ្ណ​ទាំងនេះ​ជួយ​ផ្តល់​នូវ​ទំនុកចិត្ត​ដល់​គ្រួសារ​ក្រីក្រ​ថា​ខ្លួន​អាច​ ទទួល​បាន​សេវាកម្ម​និង​ជំនួយ​ ហើយ​ប័ណ្ណ​នេះ​ក៏​ជួយ​ដល់​អ្នក​ផ្តល់​សេវាកម្ម​ក្នុង​ការ​ផ្ទៀងផ្ទាត់​ អត្តសញ្ញាណ​របស់​សមាជិក​គ្រួសារ​ក្រីក្រ​ដើម្បី​ផ្តល់​សេវា​កម្ម​ដល់​ពួក​គេ ​ឲ្យ​បាន​ឆាប់​រហ័ស។​

បញ្ជី​សំណួរ​សម្រាប់​ការ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​

រាល់​ការ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​តែ​ប្រើប្រាស់​បញ្ជី​សំណួរ​សម្រាប់​ការ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ ក្រីក្រ​ស្តង់ដារ​របស់​ក្រសួង​ផែនការ។​ ការ​ប្រើប្រាស់​បញ្ជី​សំណួរ​នេះ​ជួយ​ធានា​ថា​ដំណើរ​ការ​កំណត់​អត្តសញ្ញាណ​ នេះ​ត្រូវ​បាន​អនុវត្ត​តាម​វិធីសាស្ត្រ​ដូច​គ្នា​ និង​មាន​ស្តង់ដារ​ដូច​គ្នា​នៅ​ក្នុង​តំបន់​គ្របដណ្តប់​ទាំងអស់។​ បញ្ជីសំណួរ​សម្រាប់​ការ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​ នេះ​មាន​សំណុំ​នៃ​សូចនាករ​តំណាង​ឲ្យ​ភាព​ក្រីក្រ​ដែល​ផ្អែក​ជា​សំខាន់​ទៅ​លើ ​ទ្រព្យសម្បត្តិ​ដែល​អាច​មើល​ឃើញ​ និង​ផ្ទៀងផ្ទាត់​បាន​ងាយ​ស្រួល​ ហើយ​ក៏​រួម​បញ្ចូល​នូវ​ស្ថានភាព​ពិសេស​មួយ​ចំនួន​ផ្សេងទៀត​ផងដែរ។​ ការ​សម្ភាសន៍​គ្រួសារ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សមាជិក​ក្រុម​តំណាងភូមិ​​ ខ្លួនឯង​ដែល​ស្គាល់​ស្ថានភាព​មូលដ្ឋាន​ច្បាស់។​ នេះ​ធ្វើ​ឲ្យ​កាន់​តែ​ងាយ​ស្រួល​នូវ​ការ​ផ្ទៀងផ្ទាត់​ថា​តើ​អ្នក​ផ្តល់​ ចម្លើយ​បាន​រាយការណ៍​ពី​ស្ថាន​ភាព​របស់​ខ្លួន​យ៉ាង​ត្រឹមត្រូវ​ ហើយ​ក៏​សម្រួល​ដល់​ការ​វាយតម្លៃ​ពី​ស្ថានភាព​ពិសេស​នៃ​គ្រួសារ​ផ្សេងៗ​ ផងដែរ។​

ចំណាត់​ថ្នាក់​ភាព​ក្រីក្រ​

មាន​ការ​បែងចែក​គ្រួសារ​ក្រីក្រ​នានា​ជា​ពីរ​ចំណាត់ថ្នាក់៖​

  • កម្រិត​ក្រីក្រ​ទី១​ (ទីទ័លក្រ)​
  • កម្រិត​ក្រីក្រ​ទី២​ (ក្រ)​

ចំណាត់ថ្នាក់​ភាព​ក្រីក្រ​ទាំង​ពីរ​នេះ​ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ដោយ​ផ្អែក ​លើ​ចំនួន​ពិន្ទុ​ក្នុង​បញ្ជី​សំណួរ​ព្រម​ទាំង​ការ​ពិភាក្សា​លើ​ស្ថានភាព​ ពិសេស​របស់​គ្រួសារ។​

តើ​យើង​អាច​ទទួល​ព័ត៌មាន​អំពី​គ្រួសារ​ក្រីក្រ​ជា​ប្រភេទ​អ្វី​ខ្លះ?​

ទិន្នន័យ​គ្រួសារ​ក្រីក្រ​ទាំង​អស់​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​មូលដ្ឋាន​ ទិន្នន័យ​គ្រួសារ​ក្រីក្រ។​ កម្ម​វិធី​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ​ផ្ដល់​នូវ​ព័ត៌មាន​អំពី​គ្រួសារ​ ក្រីក្រ​ដែល​ផលិត​ចេញ​ពី​មូលដ្ឋាន​ទិន្នន័យ​នេះ​នៅ​ក្នុង​ទម្រង់​ផ្សេងៗ​ គ្នា។​ ព័ត៌មាន​នេះ​គឺ​សម្រាប់​ការ​ប្រើប្រាស់​ដោយ​ស្ថាប័ន​រដ្ឋាភិបាល,​អង្គការ​ មិន​មែន​រដ្ឋាភិបាល,​កម្ម​វិធី​និង​គម្រោង​តាម​វិស័យ,​ និង​សកម្មភាព​សប្បុរសធម៌​ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​ពួក​គេ​កំណត់​គោលដៅ​ សម្រាប់​ផ្តល់​សេវាកម្ម​និង​ជំនួយ​អភិវឌ្ឍន៍​ដល់​ជន​ក្រីក្រ​ឲ្យ​កាន់​តែ​ មាន​ប្រសិទ្ធិភាព។​ ព័ត៌មាន​នេះ​មិន​ត្រូវ​ប្រើប្រាស់​ក្នុង​គោលបំណង​ធ្វើ​ពាណិជ្ជកម្ម​ឬ​ គោលបំណង​ដែល​មិន​មាន​និន្នាការ​ផ្តល់​ប្រយោជន៍​ដល់​គ្រួសារ​ក្រីក្រ​ទាំង​ នេះ​ឡើយ។​

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​ផ្នែក​ អ្នក​ប្រើប្រាស់​ទិន្នន័យ​ របស់​គេហទំព័រ​នេះ​