KINGDOM OF CAMBODIA

សូមស្វាគមន៍​មក​កាន់​គេហទំព័រ​របស់​កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ!​

កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ ឆ្នាំ​២០០៦​ដោយ​ក្រសួង​ផែនការ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ ជា​បន្តបន្ទាប់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​កាត់​បន្ថយ​ភាព​​ ក្រីក្រ​ និង​​ការ​​គាំ​ទ្រ​​ដល់​​ការ​​អភិវឌ្ឍ​​សេដ្ឋ​​កិច្ច​​សង្គម​​នៅ​ទូ​ទាំង​ ប្រទេស។​

កម្មវិធី​នេះ​ផ្ដល់​ជា​ទៀង​ទាត់​នូវ​ព័ត៌មាន​អំពី​គ្រួសារ​ក្រីក្រ​ដែល​បាន​ ធ្វើ​បច្ចុប្បន្នកម្ម​ទៅ​ដល់​ភ្នាក់ងារ​រដ្ឋាភិបាល​ និង​ភ្នាក់ងារ​មិន​មែន​រដ្ឋាភិបាល​មួយ​​ចំនួន​​ធំ​​ដើម្បី​​ជួយ​​ឲ្យ​​ពួក​​ គេ​​កំណត់​​គោលដៅ​​សម្រាប់​ផ្តល់​សេវា​ និង​ជំនួយ​​ដល់​​គ្រួសារ​​ដែល​​ក្រីក្រ​​និង​​ងាយ​​រង​គ្រោះ​បំផុត។​ ភ្នាក់ងារ​ទាំង​នេះ​ក៏​អាច​ប្រើ​ព័ត៌មាន​អំពី​គ្រួសារ​ក្រីក្រ​នេះ​ដើម្បី​ កំណត់​ឃុំ​ឬ​ភូមិ​ដែល​ក្រីក្រ​ជាងគេ​ដោយ​យោង​ទៅ​លើ​កម្រិត​ភាព​ក្រីក្រ​របស់ ​ឃុំ​ឬ​ភូមិនេះ។​ ព័ត៌មាន​នេះ​មិន​ត្រូវ​ប្រើប្រាស់​សម្រាប់​គោល​បំណង​ធ្វើ​ពាណិជ្ជកម្ម​ ឬ​គោលបំណង​ដែល​មិន​មាន​និន្នាការ​ផ្តល់​ប្រយោជន៍​ដល់​គ្រួសារក្រីក្រទាំងនេះ ​ឡើយ។​

វត្ថុបំណង​ចម្បង​របស់​កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​គឺ​ដើម្បី​ កាត់​បន្ថយ​ការ​ធ្វើ​កិច្ចការ​ និង​ប្រើប្រាស់​ធនធាន​ផ្ទួន​គ្នា​ ដោយ​ស្ថាប័ន​ និង​អង្គការ​នានា​នៅ​ក្នុង​ការ​កំណត់​ក្រុម​គោលដៅ​ របស់​ខ្លួន​សម្រាប់​សកម្មភាព​កាត់​បន្ថយ​ភាព​ក្រីក្រ​ឬ​អន្តរាគមន៍​នានា​ ហើយ​ម៉្យាងវិញទៀត​ដើម្បី​ ធានា​ថា​ការ​ផ្តល់​ជំនួយ​ត្រូវ​បាន​ផ្តល់​ជូន​ដល់​គ្រួសារ​ណា​ដែល​មាន​តម្រូវ​ការ​ខ្ពស់​ជាង​គេ។​ នៅ​ពេល​ដែល​ស្ថាប័ន​ ឬ​អង្គការ​របស់​លោកអ្នក​ប្រើប្រាស់​ទិន្នន័យ​នេះ​សម្រាប់​ការ​កំណត់​គោលដៅ​ដើម្បី​ផ្តល់​សេវា​កម្ម​ និង​ជំនួយ​ទៅ​ដល់​គ្រួសារ​ក្រីក្រ​អាជ្ញាធរ​មូលដ្ឋាន​ និង​ប្រជា​ពលរដ្ឋ​មូលដ្ឋាន​នឹង​ កាន់​តែ​ងាយ​ស្រួល​ទទួល​យក​ការ​ជ្រើសរើស​រក​អ្នក​ទទួល​ផល​របស់​អ្នក​ ដោយសារតែ​បញ្ជី​គ្រួសារ​ក្រីក្រ​ត្រូវ​បាន​អនុម័ត​រួច​និង​មាន​ការ​ទទួល​ស្គាល់​ពី​ពួក​គេ​ នៅ​ពេល​មាន​ការ​អនុវត្ត​ដំណើរ​ការ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​នេះ​ ដោយ​មាន​ការ​ចូលរួម​ពី​សហគមន៍។​

ក្នុង​ការ​សង្កត់​ធ្ងន់​អំពី​ឆន្ទៈ​គាំទ្រ​កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​រាជរដ្ឋា​ភិបាល​បាន​ប្រកាស​ឲ្យ​ប្រើ​ អនុក្រឹត្យ​លេខ២៩១​ស្តី​ពី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ នៅ​ក្នុង​ខែ​ធ្នូ​​ឆ្នាំ​២០១១។​ អនុក្រឹត្យ​​នេះ​​បាន​​កំណត់​​អំពី​​ការ​​គ្រប់​គ្រង​​និង​​អនុវត្ត​ការ​​ កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​និង​ការ​ប្រើ​ប្រាស់​ទិន្នន័យ​គ្រួសារ​ ក្រីក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​


កម្ម​វិធី​អត្ត​សញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​ គាំទ្រ​ដ៏​យូរ​អង្វែង​ដល់​ការ​អនុវត្ត​កម្ម​វិធី​ពី​សំណាក់​ក្រសួង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច​និង​អភិវឌ្ឍន៍​របស់​សាធារណ​រដ្ឋ​សហ​ព័ន្ធ​អាល្លឺម៉ង់​(BMZ)​ និង​អគ្គ​នាយក​ដ្ឋាន​ការ​បរទេស​និង​ពាណិជ្ជ​កម្ម​របស់​រដ្ឋា​ភិបាល​អូស្ត្រាលី​ ដោយ Deutsche Gesellschaft für Internationale Zusammenarbeit (GIZ) ជា​អង្គការ​ដែល​អនុវត្ត​ការ​គាំទ្រ​នេះ​ផ្ទាល់​។